មូលហេតុសំខាន់មួយចំនួន បង្ហាញថាពេលល្ងាចជាវេលាល្អសម្រាប់ហាត់ប្រាណ!
គ្នាយើងដែលចង់បានរាងកាយស្អាតសមសួនសុខភាពល្អ ប្រាកដជាចូលចិត្តទៅហាត់ប្រាណ មិនថាពេលព្រឹក ឬល្ងាច។ ប៉ុន្តែថ្មីៗនេះ ការស្រាវជ្រាវមួយចំនួនបានណែនាំថា ពេលល្ងាចជាពេលល្អបំផុតសម្រាប់ការហាត់ប្រាណ អ៊ីចឹងតើមានមូលហេតុអ្វីទៅ?
ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង Irvine សហរដ្ឋអាមេរិក បានតាមដាននៅបន្ទប់ពិសោធន៍ ទៅលើអ្នកស្ម័គ្រចិត្តចំនួន១២នាក់ អំពីសកម្មភាពរបស់ពួកគេ។ ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញថា មនុស្សសកម្មនៅពេលថ្ងៃ ពោលគឺ បន្ទាប់ពីម៉ោងសកម្មរួច(ផុតម៉ោងរៀននៅសាលា ឬធ្វើការ) ពេលល្ងាចសម្រាប់មនុស្សជាពេលល្អបំផុតដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ ដែលការហាត់ប្រាណពេលនោះ ធ្វើឲ្យអារម្មណ៍តានតឹង តប់ប្រមល់ទាំងឡាយបានរសាយ។
ម្យ៉ាងទៀតតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិកបានបង្ហាញថា ពេលវេលានាពេលល្ងាច ជាពេលដែលសីតណ្ហភាពរាងកាយឡើងខ្ពស់ ហើយកម្រិតគ្លុយកូសក្នុងឈាមទាប ជាអំណោយផលល្អសម្រាប់ការធ្វើលំហាត់ប្រាណដុតរំលាយជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងប្រសើរ ពោលគឺការហាត់ប្រាណនោះពុំចាំបាច់ត្រូវការការកម្តៅសាច់ដុំច្រើនដូចនៅពេលព្រឹកនោះឡើយ។
ដោយឡែកការស្រាវជ្រាវនាឆ្នាំ២០១៨ កន្លងទៅ ទៅលើអត្តពលិកបាល់ទាត់អាមេរិកនៃក្របខណ្ឌ National Football League បានបង្ហាញថា អំឡុងពេលល្ងាច (ចន្លោះពីពេលម៉ោង ៨ដល់ម៉ោង ៩យប់ ជាពេលដែលដំណើរការលេងកីឡារបស់ពួកគេធ្វើបានល្អបំផុត។ លទ្ធផលនេះក៏ព្រោះតែ កីឡាករទាំងនោះបានបញ្ចេញចំណាប់អារម្មណ៍ សាច់ដុំរបស់ពួកគេបត់បែនល្អ ហើយស្មារតីរបស់ពួកគេក៏រឹងប៉ឹងនាថេរវេលានោះ។
យោងតាម លោកវេជ្ជបណ្ឌិត Steven Feinsilver អ្នកជំនាញសិក្សាខាងសុខភាពដំណេកនៃមន្ទីរពេទ្យ Lenox Hill សហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកយើងមុខជាដឹងថា រាងកាយយើងប្រែប្រួល ដែលឲ្យឃើញត្រឹម១ថ្ងៃ។ ជាមួយគ្នានេះ អ័រម៉ូនក្នុងរាងកាយក៏ប្រែប្រួលដែរ អ័រម៉ូនលូតលាស់ច្រើនផលិតនៅពេលយប់ ហើយដោយសារការហាត់ប្រាណនាពេលល្ងាចជាទម្លាប់មួយពីធម្មជាតិសម្រាប់រាងកាយ ដែលធ្វើឲ្យរាងកាយបានទទួលដំណេកស្ងប់ស្កល់ល្អនាពេលយប់។ ដូចនេះការរត់ហាត់ប្រាណ លេងកីឡា នាពេលល្ងាចជារឿងមួយដ៏ប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ប្រភពដើម : Khmerload
No comments: