Header Ads

មិនបាច់ហត់ទៅចម្ការ ងាកមើលយុវជនខ្មែរមួយក្រុមបង្កើតឧបករណ៍ថ្មីស្រោចទឹកដំណាំបញ្ជាតាមស្មាតហ្វូន


ឈានជើងដល់សម័យឌីជីថល គ្រប់របស់ប្រើប្រាស់ទាំងអស់ភាគច្រើនគឺពឹងផ្អែកទៅលើបច្ចេកវិទ្យា ដោយសារតែបច្ចេកវិទ្យាបានជួយសម្រួលដល់ការរស់នៅរបស់យើងច្រើនមែនទែន ដូចជាការងារធ្វើកសិកម្មជាដើម ។
ខណៈនេះដែរយើងនឹងនាំអ្នកទៅស្គាល់ឧបករណ៍អេឡិចត្រូនិចមួយគ្រឿងដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយក្រុមដែលមានឈ្មោះថា Smart Farm Assistanceជាឧបករណ៍ជួយស្រោចទឹកដំណាំ សម្រាប់អ្នកធ្វើចម្ការ ជាលក្ខណៈគ្រួសារ និង ខ្នាតមធ្យមផងដែរ ។
ឧបករណ៍មួយនេះមានសមត្ថភាពគួរសមព្រោះវាអាចជួយសម្រួលដល់ម្ចាស់ចម្ការបានមួយកម្រិត ដោយមិនបាច់ហត់ដើរទៅចម្ការស្រោចទឹក ព្រឹក ថ្ងៃ ល្ងាចនោះដូចមុនទៀតនោះទេ ព្រោះតែឧបករណ៍បច្ចេកវិទ្យាមួយនេះអាចឲ្យយើងធ្វើការ SMS តាមស្មាតហ្វូន ទៅកាន់ Smart Farm បានដោយងាយស្រួល ។
រាល់ពេលដែលលោកអ្នកចង់បើកទឹកស្រោចដំណាំ ដោយគ្រាន់តែ SMS ម៉ាស៊ីននឹងធ្វើការភ្លាមដោយភ្ជាប់ជាមួយឈីបនៅក្នុងម៉ាស៊ីនតែម្ដង ហើយពេលបិទគឺដូចគ្នា ។
បើតាមមិត្តរួមក្រុមម្នាក់លោក ញ៉ សុភា ដែលជាប្រធានបច្ចេកទេស បានប្រាប់ Business Cambodia ថា សម្រាប់ឧបករណ៍នេះផ្ទាល់គឺជួយដោះស្រាយទៅលើអ្នកធ្វើចម្ការបានច្រើន ព្រោះដោយសារពេលខ្លះគាត់ត្រូវងើបពីព្រលឹមទៅស្រោចទឹកដំណាំ ឬ ពេលខ្លះភ្លេចជាដើម អីចឹងហើយឧបករណ៍នេះ គឺជួយដោះស្រាយដល់គាត់បាន ចំណេញទាំងពេលវេលា ឬ ឈានដល់ចំណេញថ្លៃបុគ្គលិកទៀតផង បើពួកគាត់មានដីចម្ការធំនោះ ។
យុវជនរូបនេះបន្ដថា មកដល់ថ្ងៃនេះដែរ យើងទទួលបានកម្ម៉ងទិញច្រើន ហើយយើងក៏កំពុងញាប់ដៃជើងដើម្បីធ្វើការងារបន្ថែមទៀតផងដែរ ជាពិសេសគឺសិក្សាពីតម្រូវការអតិថិជនតែម្ដង ។
លោកថា មិនមែនមានតែអតិថិជននោះទេ គឺមានការគាំទ្រពីក្រសួងកសិកម្មទៀតផង ព្រោះតែឧបករណ៍មួយនេះ ជាជំនួយការដ៏ល្អសម្រាប់ម្ចាស់ចម្ការ ក្នុងការមើលថែទាំដំណាំរបស់ពួកគាត់ ។
ញ៉ សុភា ក៏សង្កត់ធ្ងន់ផងដែរ សម្រាប់ទៅថ្ងៃខាងមុខនឹងមានកម្មវិធី ដែលបំពាក់លើឧបករណ៍នេះថែមទៀត ដូចជាស៊ែនស័រសម្រាប់វាស់ស្ទង់ទឹកភ្លៀងជាដើម និង មាន App សម្រាប់តាមដានស្ថានភាពដំណាំទៀតផង ។
បញ្ជាក់ផងដែរថា Smart Farm គឺជាជំនួយការផ្ទាល់ខ្លួនរបស់ម្ចាស់ចម្ការ ហើយអាចជួយដោះស្រាយបញ្ហាដែលកំពុងជួបប្រទះជារៀងរាល់ថ្ងៃលើវិស័យកសិកម្ម ៕
ទំនាក់ទំនងពួកគាត់ ៖ ០៩៦ ៧៥ ៧១ ៧៨៣
អត្ថបទដោយ ៖ ឆាំ មករា
ប្រភពដើម : business-cambodia

No comments:

Powered by Blogger.