Header Ads

មូលហេតុ ៤យ៉ាងសំខាន់ៗ ដែលបណ្តាលឲ្យអ្នកគេងមិនលក់

ភ្នំពេញ ៖ ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់ សម្រាប់គេងក៏ដោយ។ ការគេងមិនលក់ អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ ហើយគេងទៅវិញមិនលក់ ជាដើម។

ការគេងមិនលក់ អាចបណ្ដាលមកពី មូលហេតុចំនួន៤យ៉ាងសំខាន់ៗ ដូចជា៖

ទី១.មូលហេតុផ្លូវកាយ: ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម

ទី២.មូលហេតុផ្លូវចិត្ត: មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ ជាដើម។

ទី៣.មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ: ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល ជាដើម។

និងទី៤.មូលហេតុទាក់ទងនឹងបរិស្ថាន: កន្លែងគេងមានសម្លេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើន ជាដើម។

នេះបើយោងតាមគេហទំព័រ Facebook របស់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិរបស់កម្ពុជា បានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ដោយឡែក​ផលវិបាក នៃការគេងមិនលក់វិញ គឺបណ្តាលឲ្យយើង ងងុយគេងនៅពេលថ្ងៃ, អស់កម្លាំង, អារម្មណ៍មិនមូល, ការចងចាំចុះអន់ថយ, ពិបាកសម្រេចចិត្ត, ឆាប់ខឹងមួម៉ៅ, អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។

វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានថា ​ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុ ដែលនាំឲ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេង ដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅ អាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។ វេជ្ជបណ្ឌិត បានណែនាំឲ្យទៅទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ​ដើម្បីជាគុណប្រយោជន៍ដល់សុខភាព៕
អត្ថបទ ៖ សន ពិសិដ្ឋ ប្រភពដើម : CNC





No comments:

Powered by Blogger.