Header Ads

ឯកឧត្តមជាវ តាយបាញ់កាំភ្លើងបើកដំណើរការ ក្បួនប្រណាំងកង់ពិភពលោកថ្ងៃទី៣ចេញពីផ្លូវបំបែកឧទ្យាជាតិព្រះមនីវង្សបូកគោខេត្តកំពត

ព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ ស្ថិតនៅក្នុងដំណាក់កាលទី៣នៃថ្ងៃទី៣ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិ បានចូលរួមប្រណាំង គឺបានចេញដំណើរនៅវេលាម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី៦ខែមករាឆ្នាំ២០២០ ពីចំណុចផ្លូវបំបែកឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពត ឆ្ពោះទៅកាន់ទីផ្ដាច់ព្រ័ត្រមុខសាលាខេត្តកែបក្នុងរយៈចម្ងាយប្រមាណ១៤៣.៥គីឡូម៉ែត្រក្រោមវត្តមានកាថបាញ់កាំភ្លើងចេញដំណើរក្បួនរបស់ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។
នៅក្នុងឱកាសមុនចាប់ផ្ដើមបាញ់កាំភ្លើងចេញដំណើរ ថ្នាក់ដឹកនាំប្រជាពលរដ្ឋសិស្សានុសិស្ស កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។
-សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ឆ្នាំ ២០២០នេះគឺមានរយៈពេលបីថ្ងៃ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ 
ចាប់ផ្ដើមចេញដំណើរពី រមណីយដ្ឋានតារាសាគរនាព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២០មកដល់ បញ្ចប់ក្នុងក្រុងខេមរភូមិន្ទលើទឹកដីខេត្តកោះកុង ដដែល ក្នុងរយៈចម្ងាយសរុបប្រមាណ ១៤៥.៥គីឡូម៉ែត្រ។
ដំណាក់កាលទី២ ចេញដំណើរថ្ងៃទី០៥ ខែមករា បានចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុងកាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់កំពូលភ្នំបូកគោ ខេត្តកំពត ដោយមានរយៈចម្ងាយ ១៧២.៨គីឡូម៉ែត្រ និងដំណាក់កាលទី៣នៅថ្ងៃទី០៦ ខែមករា នេះបានចេញដំណើរពី ផ្លូវបំបែកឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ខេត្តកំពត ឆ្ពោះទៅមុខសាលាខេត្តកែប ដែលជាទីផ្ដាច់ព្រ័ត្រចុងក្រោយ មានចម្ងាយប្រមាណ១៤៣.៥គីឡូម៉ែត្រ។
 ចំពោះក្រុមកីឡាករ ដែលបានចូលរួមប្រណាំងមានប្រមាណ ២០ក្រុម សរុបជាង២០០នាក់ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពីជាង១០ប្រទេសចូលរួមផងដែរ។
 ហើយកីឡាករទាំងអស់ បានធ្វើការប្រកួតប្រជែងប្រកបដោយសុវត្ថិភាព មិនមានហេតុការណ៍អ្វីកើតឡើងនោះទេ ដំណើរការប្រកួតនេះមានលក្ខណៈល្អប្រសើរ  ពិសេសគឺកងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់បានសហការគ្នាខិតខំពង្រឹងស្មារតីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៅតាមទីសាធារណៈនៅតាមបណ្ដោយផ្លូវជូនក្រុមកីឡាករ និងក្បួនប្រណាំងកង់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់គ្នា។
 ឯកឧត្តម ជាវ តាយអភិបាលខេត្តក៏បានស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបន្ដចូលរួមសហការ និងគាំទ្រឲ្យបានល្អថែមទៀតសម្រាប់ការប្រកួតដំណាក់កាលទី៣នេះពិសេសប្រជាពលរដ្ឋនៅលើដងផ្លូវ នៃខេត្តកំពតទាំងអស់ដើម្បីបង្ហាញពីការស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករជាតិ-អន្ដរជាតិ ក៏ដូចជាក្បួនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះផងដែរ។
ប្រភពដើម : CNC




No comments:

Powered by Blogger.